Quantcast
Channel: មនោរម្យ.អាំងហ្វូ

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលបានបញ្ចប់ទៅកាលពីយប់ថ្ងៃអាទិត្យមុន សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានចេញផ្សាយបញ្ជីសន្ទស្សន៍ ចុងឆ្នាំ២០២២ ស្ដីពីចំណាត់ថ្នាក់​នៃបណ្ដាសមាជិក ទាំង២១១ប្រទេស និងបង្ហាញថា ប្រទេសប្រេស៊ីល ដែលត្រូវបានជម្រុះចេញ នៅវគ្គ១/៤ផ្ដាច់ព្រ័ត្រនោះ នៅតែបន្តកាន់កាប់ចំណាត់ថ្នាក់កំពូលដដែល។ សម្រាប់ប្រទេសអាហ្សង់ទីន ជើងឯកពិភពលោក ដែលទើបលើកពាន«FIFA»ថ្មីថ្មោង និងបារាំង ដែលជាជើងឯករង បានឡើង១ចំណាត់ថ្នាក់រៀងៗខ្លួន ពោលគឺទទួលបានលេខ២ និងលេខ៣។ កាលពីខែតុលា ប្រទេសទាំងពីរ មានចំណាត់ថ្នាក់លេខ៣ និងលេខ៤។ ប្រទេស​ប៊ែលហ្សិក ដែលលើកមុន​មានចំណាត់ថ្នាក់លេខ២ បានធ្លាក់មកលេខ៤វិញម្ដង ក្នុងបញ្ជីសន្ទស្សន៍ ចុងឆ្នាំ២០២២ ខាងលើ។ ដោយឡែកប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់​លេខ១៧៧ដដែល បើធៀបនឹងបញ្ជីចេញផ្សាយមុន។ នៅក្នុងអាស៊ាន (ASEAN) កម្ពុជាបន្តគ្រាន់បើជាងឡាវ (លេខ១៨៧) ប្រ៊ុយណេ (លេខ១៩០) និងទីម័រខាងកើត (លេខ១៩៧)។ បញ្ជីសន្ទស្សន៍របស់«FIFA» ដែលចេញផ្សាយនៅដើមខែតុលា បានដាក់ប្រទេសកម្ពុជា នៅចំណាត់ថ្នាក់ខាងលើ ដោយធ្លាក់ទាបជាង បញ្ជីចេញផ្សាយខែសីហា ដែលកម្ពុជាទទួលបានលេខ១៧៤។ រាប់តាំងពីឆ្នាំ១៩៩៦ ដែលសហព័ន្ធបាល់ទាត់អន្តរជាតិ ទទួលស្គាល់កម្ពុជា ជាសមាជិករបស់ខ្លួនឡើងវិញ កម្ពុជាមានចំណាត់ល្អបំផុត គឺនៅឆ្នាំ១៩៩៨ ដែលទទួលបានលេខ១៦២។ នៅឆ្នាំ២០១៣ កម្ពុជាធ្លាក់ចំណាត់ថ្នាក់ ទាបជាពេលណាៗទាំងអស់ គឺទទួលបានលេខ១៨៩។ ចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងកម្រិតពិភពលោក៖ ១) ប្រេស៊ីល២) អាហ្សង់ទីន៣) បារាំង៤) ប៊ែលហ្សិក៥) អង់គ្លេស៦) ហូឡង់៧) ក្រូអាស៊ី៨) អ៊ីតាលី៩) ព័រទុយហ្គាល់១០) អេស្ប៉ាញ ចំណាត់ថ្នាក់កំពូលទាំង១០ កម្រិតអាស៊ី៖ ១) ជប៉ុន២) អៀរ៉ង់៣) កូរ៉េខាងត្បូង៤) អូស្ត្រាលី៥) អារ៉ាប៊ីសាអ៊ូឌីត៦) កាតា៧) អៀរ៉ាក់៨) អារ៉ាប់រួម៩) អូម៉ង់១០) អ៊ូសបេគីស្ដង់ ចំណាត់ថ្នាក់កំពូលទាំង១០ កម្រិតអាស៊ាន៖ ១) វៀតណាម២) ថៃ៣) ហ្វីលីពីន៤) ម៉ាឡេស៊ី៥) ឥណ្ឌូនេស៊ី៦) ភូមា៧) សិង្ហបូរី៨) កម្ពុជា៩) ឡាវ១០) ប្រ៊ុយណេ៕

The post FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២ by ជ័យ វិបុល appeared first on មនោរម្យ.អាំងហ្វូ.


ក្រសួងបិទវិទ្យុ​«VOD»​ជាស្ថាពរ តាមបញ្ជា​របស់ ហ៊ុន សែន

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

នៅប៉ុន្មានម៉ោងក្រោយបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងព័ត៌មានបានចេញសេចក្ដីសម្រេច បិទទ្វារបស់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ជាស្ថាពរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាឲ្យលុបអាជ្ញាបណ្ណ ដែលអនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា។ មជ្ឈមណ្ឌល«CCIM» ជាអង្គការសង្គមស៊ីវិលមួយ ដែលគ្រប់គ្រងការផ្សាយ របស់វិទ្យុ «VOD» ខាងលើ។ ក្នុងសេចក្ដីសម្រេចនោះ ក្រសួងព័ត៌មានបានអះអាងទៀតថា អង្គភាព«VOD»បានរំលោភយ៉ាងធ្ងន់ធ្ងរ «លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាព» របស់រដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាម«បទប្បញតិ្តច្បាប់ ស្តីពីរបបសារព័ត៌មាន»។ នាយករដ្ឋមន្ត្រីកម្ពុជាបានសម្ដែងការខឹងក្រេវក្រោធ ចំពោះស្ថាប័នសារព័ត៌មានខាងលើ នៅក្រោយការផ្សាយរបស់ស្ថាប័ននេះ ទាក់ទងនឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ដែលក្រុមអ្នកឃ្លាំមើលជឿជាក់ថា នឹងត្រូវលើកឲ្យបន្តតំណែង ជានាយករដ្ឋមន្ត្រីបន្តពីឪពុក ក្នុងពេលខាងមុខ។ អត្ថបទដែល«VOD»ចេញផ្សាយ នៅថ្ងៃព្រហស្បត្តិ៍ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានចំណងជើងដូច្នេះ «មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត សុទ្ធតែបដិសេធពីករណីនេះ និងបានទាមទារឲ្យស្ថាប័នសារព័ត៌មាន សម្ដែងការសុំទោស នៅមុនម៉ោង១០ ថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។ នៅក្នុងលិខិតទីមួយ ផ្ញើរទៅកាន់បុរសខ្លាំងនៅកម្ពុជា មជ្ឈមណ្ឌល «CCIM»​ បាន​ប្រើ​ពាក្យ «សម្តែង​ការ​សោក​ស្តាយ និង​អធ្យាស្រ័យ» ហើយបាន​ពន្យល់​ថា​ អត្ថបទ​របស់​«VOD» យោង​ប្រភពពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន។ ខណៈលិខិតទីពីរ ដែលត្រៀមផ្ញើរទៅកាន់លោក ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ ស្ថាប័នសារព័ត៌មានខាងលើ បានសម្ដែងការសុំទោស នៅចំពោះការចុះផ្សាយរបស់ខ្លួន ដែលបានប៉ះពាល់ដល់«កិត្តិយស» របស់លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលលោក ហ៊ុន សែន។ តែលិខិតទាំងពីរ […]

The post ក្រសួងបិទវិទ្យុ​«VOD»​ជាស្ថាពរ តាមបញ្ជា​របស់ ហ៊ុន សែន by ដារារិទ្ធ appeared first on មនោរម្យ.អាំងហ្វូ.

RSF ថ្កោលទោស​«របបក្រុងភ្នំពេញ» ក្នុងការបិទ​វិទ្យុ«VOD»

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានពិភពលោក ដែលមានឈ្មោះ «អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន» បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចរបស់«របបក្រុងភ្នំពេញ» ក្នុងការបិទវិទ្យុ«VOD» ដែលជាស្ថាប័នផ្សព្វផ្សាយឯករាជ្យ នៅសេសសល់ចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។ ប្រតិកម្មខ្លាំងៗ​របស់អង្គការអន្តរជាតិខាងលើ ដែលមានស្នាក់ការធំ នៅក្នុងរដ្ឋធានី ប៉ារីស ប្រទេសបារាំង ធ្វើឡើងតាមរយៈសារអេឡិចត្រូនិកមួយ ដែលបានផ្ញើរមកកាន់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ក្នុងល្ងាចថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។ កាលពីព្រឹកព្រហាមថ្ងៃដដែល ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា បានចេញសេចក្ដីសម្រេចមួយ យ៉ាងតក់ក្រហល់ ប្រកាសលុបអាជ្ញាបណ្ណផ្សព្វផ្សាយ របស់មជ្ឈមណ្ឌល «CCIM» ដែលគ្រប់គ្រង​លើការផ្សាយរបស់វិទ្យុ «VOD» ទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បញ្ជារបស់បុរសខ្លាំង បានធ្វើឡើងនៅលើបណ្ដាញសង្គម នៅក្នុងល្ងាចថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានបដិសេធ នូវការពន្យល់បកស្រាយ ក៏ដូចជាការសុំទោស របស់មជ្ឈមណ្ឌល «CCIM» ជុំវិញការផ្សាយមួយរបស់វិទ្យុ «VOD» ដែលជាការដកស្រង់សម្ដី របស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ការដែលកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសទួរគី ដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គង។ ប៉ុន្ដែការដកស្រង់នោះ ត្រូវបានលោក ហ៊ុន សែន និងកូនប្រុសច្បង ចាត់ទុកថា ជាការបំផ្លើសដោយមានចេតនា របស់វិទ្យុ «VOD»។ បុរសខ្លាំងនៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជិតកន្លះសតវត្សរ៍ បានបញ្ជាដាច់ណាត់ ឲ្យក្រសួងព័ត៌មាន បិទការផ្សាយរបស់ស្ថាប័ននេះ ជាកំហិត។ សម្រាប់អង្គការ «អ្នកយកព័ត៌មានគ្មានព្រំដែន» ដែលសរសេរកាត់ជាភាសាបារាំង «RSF» និងអង់គ្លេស «RWB» បានបរិហារបទបញ្ជាខាងលើនេះ ថាជា«ការសម្រេច​តាមតែទំនើងចិត្ត» នៅក្នុង«យុទ្ធនាការជាបន្តបន្ទាប់ដ៏គួរឲ្យបារម្ភ» ដើម្បី«បំបាក់សេរីភាព»​នៃការផ្ដល់ព័ត៌មាន។ អង្គការអន្តរជាតិ បានសរសេរថា៖ «RSF ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​បទបញ្ជា​របស់​របបក្រុងភ្នំពេញ ​ឲ្យ​បិទវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ វិធានការ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃយុទ្ធនាការជា​បន្តបន្ទាប់ ​ដ៏គួរ​ឲ្យ​ព្រួយបារម្ភ​ ក្នុងបំបាក់​សេរីភាពនៃ​ការ​ផ្តល់​ព័ត៌មាន​ ធ្វើឡើងដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។» […]

The post RSF ថ្កោលទោស​«របបក្រុងភ្នំពេញ» ក្នុងការបិទ​វិទ្យុ«VOD» by សេក មនោរកុមារ appeared first on មនោរម្យ.អាំងហ្វូ.

EU៖ ការបិទវិទ្យុ«VOD»ប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

មិនត្រឹមតែសហភាពអ៊ឺរ៉ុបប៉ុណ្ណោះទេ តែបណ្ដាប្រទេសធំៗ នៅបស្ចឹមលោក សុទ្ធតែបានរួមគ្នា ប្រតិកម្មចំពោះការបិទវិទ្យុ«VOD» ថាបានប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន និងប្រព័ន្ធពហុនិយម ដែលមានសារសំខាន់ណាស់ សម្រាប់សង្គមប្រជាធិបតេយ្យ។ សេចក្ដីថ្លែងការណ៍រួម របស់គណៈប្រតិភូសហភាពអឺរ៉ុប​ប្រចាំនៅកម្ពុជា និងស្ថានទូតរបស់ប្រទេសធំៗ ចំនួន១២ប្រទេស ដែលស្ថិតក្នុងសហភាពអ៊ឺរ៉ុប បានសរសេរថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតអាជ្ញាប័ណ្ណ របស់វិទ្យុ«VOD»។ ប្រទេសទាំង១២នោះ រួមមាន បែលហ្សិក ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្បាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់។ ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចមួយ យ៉ាងតក់ក្រហល់ កាលពីព្រឹកព្រហាមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លុបអាជ្ញាបណ្ណផ្សព្វផ្សាយ របស់មជ្ឈមណ្ឌល «CCIM» ដែលគ្រប់គ្រងលើការផ្សាយរបស់វិទ្យុ «VOD» ជុំវិញការផ្សាយមួយរបស់ខ្លួន ដែលស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថាការដែលកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គង។ ប៉ុន្ដែការដកស្រង់នោះ ត្រូវបានលោក ហ៊ុន សែន និងកូនប្រុសច្បង ចាត់ទុកថា ជាការបំផ្លើសដោយមានចេតនា។ បុរសខ្លាំងនៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជិតកន្លះសតវត្សរ៍ បានបដិសេធមិនទទួលយកការពន្យល់ ក៏ដូចជាការសុំទោស ពីវិទ្យុខាងលើ ហើយបានបញ្ជាឲ្យក្រសួងព័ត៌មាន បិទការផ្សាយរបស់ស្ថាប័ននេះ ជាកំហិត។ សេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូ​សហភាពអ៊ឺរ៉ុប និងក្រុមស្ថានទូត​នៃប្រទេសជាសមាជិក ដែលចេញផ្សាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរថា៖ «ការសម្រេចចិត្តនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធពហុនិយម ដែលមានសារៈសំខាន់ សម្រាប់សង្គមបើកចំហ និងសេរី។» «ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋាន នៃសង្គមប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ […]

The post EU៖ ការបិទវិទ្យុ«VOD»ប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន by ដារារិទ្ធ appeared first on មនោរម្យ.អាំងហ្វូ.

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបិទវិទ្យុឯករាជ្យសេសសល់ចុងក្រោយ ឈ្មោះ«វិទ្យុសម្លេងប្រជាធិបតេយ្យ – VOD» កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ នេះ បើតាមរបាយការណ៍របស់អង្គការពិភពលោកខាងលើ ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ទី១៦ ខែកុម្ភៈនេះ។ របាយការណ៍របស់ «CIVICUS» បានសរសេរថា៖ «ការប្រើប្រាស់ដោយបំពាន នូវប្រព័ន្ធយុត្តិធម៌ និងក្រមព្រហ្មទណ្ឌ ដើម្បីយាយី និងកាត់ទោសសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនសហជីព និងអ្នកសារព័ត៌មាន រួមនឹងងការបិទប្រព័ន្ធផ្សព្វផ្សាយ បង្ហាញយ៉ាងច្បាស់ក្រឡែត ពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។» នៅលើផែនទី នៃបញ្ជី«ឃ្លាំមើល»របស់អង្គការខាងលើ ប្រទេសកម្ពុជាដែលពីមុនស្ថិតក្នុងចំណោមប្រទេសពណ៌លឿង (ប្រទេសរឹតត្បិត​សិទ្ធិពលរដ្ឋ) បានក្លាយទៅជាពណ៌«ទឹកក្រូច» ដែលជាពណ៌របស់ក្រុមប្រទេស «វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»។ រីឯពណ៌ក្រហម សម្រាប់ក្រុមប្រទេសដែលបំបិទសិទ្ធិពលរដ្ឋជិតឈឹង ដូចជាប្រទេសកុម្មុយនិស្ត វៀតណាម ចិន ឬកូរ៉េខាងជើង និងប្រទេសដែលមានរបបដឹកនាំផ្ដាច់ការ ដូចយ៉ាងប្រទេសអៀរ៉ង់ ស៊ីរី ឬប៊េឡារ៉ុសជាដើម។ អង្គការ«CIVICUS»បានបន្តលើកឡើង ពីប្រទេសកម្ពុជាទៀតថា៖ «ក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្ម្មជន បន្តប្រឈមនឹងការវាយបង្ក្រាប ហើយសេរីភាពនៃសារព័ត៌មាន បន្តរងការគម្រាមកំហែង តាមរយៈការបិទស្ថានីយ៍វិទ្យុ និងកាសែត ក៏ដូចជាការប្រើប្រព័ន្ធតុលាការ ប្រឆាំងចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ដែលបង្កឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិនាសខ្លោចផ្សារ។» ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា បានចេញសេចក្ដីសម្រេចមួយ យ៉ាងតក់ក្រហល់ កាលពីព្រឹកព្រហាម ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកាសលុបអាជ្ញាបណ្ណផ្សព្វផ្សាយ របស់មជ្ឈមណ្ឌល «CCIM» ដែលគ្រប់គ្រង​លើការផ្សាយរបស់វិទ្យុ «VOD» ទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បញ្ជារបស់បុរសខ្លាំង បានធ្វើឡើងនៅលើបណ្ដាញសង្គម នៅក្នុងល្ងាចថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីការផ្សាយមួយរបស់វិទ្យុ «VOD» ដែលជាការដកស្រង់សម្ដី របស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ការដែលកូនប្រុសលោក ហ៊ុន […]

The post កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» by សេក មនោរកុមារ appeared first on មនោរម្យ.អាំងហ្វូ.

កម្ពុជា រួចផុតពី«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាងលុយ

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅ​ជា​ភាសា អង់គ្លេស “Financial Action Task Force – FATF” និងជាភាសាបារាំង “Groupe d’action financière – GAFI”) បានដកប្រទេស កម្ពុជា ចេញពី«បញ្ជីប្រផេះ» នៃការឃ្លាំមើល​ការលាងប្រាក់កខ្វក់ របស់អង្គការអន្តរ-រដ្ឋាភិបាលមួយនេះ។ សេចក្ដីប្រកាសព័ត៌មាន របស់អង្គការ«FATF – GAFI» ចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអះអាងថា កម្ពុជា និងម៉ារ៉ុក ជាប្រទេសពីរ ដែលបានរួចផុតពី«បញ្ជីប្រផេះ» នៃនីតិវិធីឃ្លាំមើលយ៉ាងដិតដល់ ចំពោះចរន្ដនៃការលាងលុយកខ្វក់ នៅក្នុងពិភពលោក។ ការរួចផុតពីបញ្ជី ដែលមានពណ៏មិនសូវល្អមួយនេះ ធ្វើឡើងក្រោមហេតុផលថា ប្រទេសទាំងពីរបានធ្វើឲ្យប្រសើរឡើង នូវផែនការសកម្មភាពរបស់ខ្លួន ចំពោះការប្រយុទ្ធប្រឆាំងនឹងការលាងលុយ។ អង្គការខាងលើបានសរសេរថា៖ «កម្ពុជា និងម៉ារុក បានដោះស្រាយនូវកង្វះខាតបច្ចេកទេសរបស់ខ្លួន ដើម្បីឆ្លើយតប​តាមការប្តេជ្ញាចិត្ត ​នៃផែនការសកម្មភាពរបស់ខ្លួន លើចំណុចខ្វះខាតជាយុទ្ធសាស្រ្តទាំងឡាយ ដែលអង្គការ FATF បានកំណត់ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ និងឆ្នាំ២០២១។» «ប្រទេសទាំងពីរលែងជាកម្មវត្ថុ នៃដំណើរការត្រួតពិនិត្យយ៉ាងដិតដល់ របស់អង្គការ FATF ទៀតហើយ ប៉ុន្តែប្រទេសទាំងពីរ ត្រូវបន្តធ្វើការ​ជាមួយស្ថាប័ន«FSRB» (ស្ថាប័នប្រចាំតំបន់ របស់អង្គការ FATF) ដែលពួកគេជាសមាជិក ដើម្បីពង្រឹងការលាងលុយកខ្វក់ (AML/CFT) របស់ពួកគេ។» កាលពីខែកុម្ភៈ ឆ្នាំ២០១៩ អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ ដែលជាស្ថាប័នអន្តរ​-រដ្ឋាភិបាល មានទីស្នាក់ការកណ្ដាល ក្នុង​រដ្ឋធានីប៉ារីស ប្រទេសបារាំង បានដាក់ប្រទេសកម្ពុជា ទៅក្នុងបញ្ជីប្រផេះ ដែលមានលក្ខណៈជាការប្រកាសសញ្ញាមួយ ទៅដល់ប្រទេសចំនួន១២ ដែលជាប់ឈ្មោះនៅក្នុង​បញ្ជី ថាពួកគេអាចធ្លាក់ចូល ទៅក្នុង«បញ្ជីខ្មៅ» ឬទណ្ឌកម្មផ្នែក​ហិរញ្ញវត្ថុ ប្រសិនណា​ជាប្រទេសទាំងនោះ មិន​ដោះស្រាយ​បញ្ហា ដែលស្ថាប័នពិភពលោកមួយនេះ ទទូច​ឲ្យធ្វើទេ​នោះ។ ក្នុងរបាយការណ៍ ចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២២ អង្គការ«FATF – GAFI» បានអះអាងថា កម្ពុជាបាន​ធ្វើការប្តេជ្ញាចិត្ត​នយោបាយកម្រិតខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង​នឹងចរន្ដលាងលុយកខ្វក់ និងប្រកាសធ្វើការយ៉ាងជិតដិត ជាមួយស្ថាប័នអន្តរជាតិខាងលើ ក្នុងនោះ មានការស្នើឲ្យមានដំណើរទស្សនកិច្ច […]

The post កម្ពុជា រួចផុតពី«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាងលុយ by សេក មនោរកុមារ appeared first on មនោរម្យ.អាំងហ្វូ.

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន បានអះអាងក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួនថា ទាហានអ៊ុយក្រែន​ដែលមានជក់បារី​នៅនឹងមាត់ ត្រូវបានស្គាល់ឈ្មោះ «Oleksandre Igorovitch Matsievskiï» និងជាយុទ្ធជនមួយរូប មានជំនាញបាញ់កាំភ្លើងពីចម្ងាយ នៅក្នុងវរសេនាលេខ១៦៣ នៃកងពលលេខ១១៩ ដែលប្រចាំក្នុងតំបន់ «Tchernihiv»។ នៅក្នុងវីដេអូមួយ ដែលមានរយៈពេល១២វិនាទី និងដែលត្រូវបានបង្ហោះចែកចាយ នៅលើបណ្ដាញសង្គម គេឃើញបុរសម្នាក់ស្លៀកពាក់ជាទាហានអ៊ុយក្រែន មានបារីជក់នៅជាប់មាត់ តែគ្មានកាំភ្លើងកាន់នៅដៃ ត្រូវបានកងទ័ពរ៉ុស្ស៊ី បាញ់រះជាច្រើនគ្រាប់ សម្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបុរសរូបនោះ​ស្រែកថា «ដើម្បីភាពរុងរឿងរបស់អ៊ុយក្រែន (Glory to Ukraine)»។ ដំបូងឡើយ ប្រភពផ្លូវការរបស់កងទ័ពអ៊ុយក្រែន បានច្រឡំបុរសម្នាក់នេះ ទៅនឹងទាហានម្នាក់ផ្សេង ដែលបានបាត់ខ្លួន តាំងពីដើមខែកុម្ភៈ។ ប៉ុន្តែទីភ្នាក់ងារសន្តិសុខ​«SBU» បានពន្យល់ថា ការបញ្ជាក់ពីអត្តសញ្ញាណ របស់ទាហានខាងលើ ធ្វើឡើងក្រោមការស៊ើបអង្កេត យ៉ាងហ្មត់ចត់ ដោយមានការអះអាង ពីក្រុមគ្រួសាររបស់សពយុទ្ធជនផង និងពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យផង។ ផ្ទុយទៅវិញ ក្រុងម៉ូស្គូបានបដិសេធវីដេអូខាងលើ ដោយអះអាងថា វាជាការប្រឌិតឡើង​សុទ្ធសាធ របស់ប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យ​ឧត្ដមស្នងការរបស់អង្គការសហប្រជាជាតិ ត្រូវបានស្រង់សម្ដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» កាលពីថ្ងៃពុធថា វីដេអូខាងលើ ហាក់មិនមែនជា«ការប្រឌិត»ទេ។ បើតាមអ្នកនាំពាក្យដដែល ការ​វិភាគ​បឋម​ទៅ​លើ​វីដេអូ​​បាន​បញ្ជាក់​ថា ទាហាន​អ៊ុយក្រែនរូបនេះ ​ហាក់​មិន​ស្ថិត​ក្នុង​ស្ថានភាព​ប្រយុទ្ធ​ និងបើតាមច្បាប់អន្តរជាតិ បានក្លាយជា«អ្នកទោសសង្គ្រាម»។ ថ្លែងទៅកាន់ប្រជាជាតិ ជាលក្ខណៈប្រចាំថ្ងៃ លោក«Volodymyr Zelensky» បានលើកពីវីរភាព របស់ទាហានខាងលើ និងបញ្ជាក់ថា ប្រទេសអ៊ុយក្រែន នឹងចងចាំវីរភាព ជារៀងរហូតតទៅ។ លោកថា៖ «ថ្ងៃនេះខ្ញុំសូមផ្ដល់ងារជាវីរៈបុរសនៃអ៊ុយក្រែនដល់ “Oleksandr Matsievskiï” ដល់ទាហានម្នាក់ ដល់មនុស្សម្នាក់ ដែលប្រជាជនអ៊ុយក្រែនទាំងអស់​បានស្គាល់យ៉ាងច្បាស់។ ផ្ដល់ងារជា”វីរបុរសជាតិ” ជូនចំពោះមនុស្សម្នាក់នេះ ដែលនឹងត្រូវបានចងចាំ ជារៀងរហូត។» នាយកទីភ្នាក់ងារ​«SBU» លោក«Vasyl Malyouk» ត្រូវបានស្រង់សម្ដី […]

The post ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ» by សេក មនោរកុមារ appeared first on មនោរម្យ.អាំងហ្វូ.

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» បានលើកយកមកបញ្ជាក់ នូវករណី នៃការផ្ដន្ទាទោស​លើប្រធានគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ការបិទស្ថាប័នសារព័ត៌មាន​«VOD» រួមនឹងករណីបង្ក្រាបលើសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសហជីព ពីសំណាក់អាជ្ញាធរ​របបក្រុងភ្នំពេញ។ ការអនុម័តរបស់សភាអ៊ឺរ៉ុប ទៅលើដំណោះស្រាយខាងលើ ធ្វើឡើងក្រោមសម្លេងគាំទ្រ របស់តំណាងរាស្ត្រអ៊ឺរ៉ុប ៤៩៦សម្លេង – សម្លេងប្រឆាំង ១១សម្លេង និងសម្លេង​អនុប្បវាត ៣៦សម្លេង ដោយធ្វើការទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ – ការផ្ដល់អាជ្ញាប័ណ​ឡើងវិញ ដល់​សារព័ត៌មាន«VOD» – ដោះលែង​រាល់អ្នកទោសមនសិការ និងបើកលំហរប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។  ជាពិសេស អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាំបាច់ត្រូវធានា សម្រាប់ការបោះឆ្នោតសកល ខែកក្កដា​ខាងមុខ ត្រូវមានភាពសេរី យុត្តិធម៌ និងអាចទទួលយកបាន ដោយមានការចូលរួម ពីគ្រប់គណបក្ស និងតួអង្គ​នយោបាយ។ នៅត្រង់ចំណុចទី៤ នៃដំណោះស្រាយខាងលើ សរសេរជាអាទិ៍ថា៖ «ប្រើប្រាស់មធ្យោបាយនយោបាយ ដែលមានទាំងអស់ រួមទាំងការព្យួរការអនុគ្រោះពន្ធ ‘អ្វីគ្រប់យ៉ាង​លើកលែង​តែអាវុធ (Everything But Arms – EBA)’ របស់កម្ពុជា ប្រសិនបើការបោះឆ្នោត​ឆ្នាំ២០២៣ ខុសពី​ស្តង់ដារអន្តរជាតិ ឬការរំលោភសិទ្ធិមនុស្សនៅតែបន្ត។» ខណៈនៅក្នុងចំណុចទី៦ សភាអ៊ឺរ៉ុបបានបញ្ជាក់ទៀតថា៖ «ជំរុញឱ្យក្រុមប្រឹក្សាអនុម័តទណ្ឌកម្ម ឲ្យចំគោលដៅ​និងដោយផ្ទាល់ ក្រោមគោលនយោបាយ​ នៃការដាក់​ទណ្ឌកម្ម​សិទ្ធិមនុស្សសកល របស់​សហភាពអឺរ៉ុប ដើម្បីកំណត់ពីការទទួលខុសត្រូវ នៃបុគ្គលទាំងឡាយ​ណា ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប់ពាក់ព័ន្ធ​នឹង​ការរំលាយ និងការគាបសង្កត់​​ជាបន្តបន្ទាប់ ទៅលើគណបក្សប្រឆាំង​នៅ​កម្ពុជា៕»

The post សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា by សេក មនោរកុមារ appeared first on មនោរម្យ.អាំងហ្វូ.


ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត របស់អង្គការពិភពលោកខាងលើ បានអះអាងនៅក្នុងសេចក្ដីវិនិច្ឆ័យរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃពុធ ចាត់ទុកការផ្ដន្ទាទោស ដាក់ពន្ធនាគារ ទៅលើអ្នកស្រី សេង ធារី ថាបានធ្វើឡើងដោយមិនសមហេតុផល និងដោយសារតែអ្នកស្រី បានបង្ហោះសារ​ដែលមាននិន្នាការ​មិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអង្គុយនៅក្នុងអំណាច តាំងពីជិត៤០ឆ្នាំនៅកម្ពុជា។ សេចក្ដីវិនិច្ឆ័យបានបន្ថែមថា ការឃុំខ្លួនស្ត្រីអ្នកច្បាប់ខាងលើ ជា«ការរំលោភធ្ងន់ធ្ងរ» ទៅលើច្បាប់ជាតិ និងអន្តរជាតិ។ អ្នកស្រី សេង ធារី កំពុងរងការជាប់ឃុំ រយៈពេល៦ឆ្នាំ ដោយអំណាចសាលក្រមតុលាការ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក ពីបទ«រួមគំនិតក្បត់» ជុំវិញការបង្ហោះសាររបស់អ្នកស្រី នៅលើបណ្ដាញសង្កម ស្វាគមន៍ការវិញត្រឡប់​​របស់មេដឹកនាំប្រឆាំង លោក សម រង្សី ចូលក្នុងប្រទេសកម្ពុជាវិញ។ កាលពីថ្ងៃទី៥ ខែមិថុនា បុរសខ្លាំងនៅកម្ពុជា បានថ្លែងនៅចំពោះកម្មករកម្មការិនីរោងចក្រកាត់ដេរ បដិសេធការលើកលែងទោស ឲ្យអ្នកស្រី សេង ធារី។ លោក ហ៊ុន សែន ថែមទាំងបញ្ជាទៅក្រសួងយុត្តិធម៌ កុំលើកយកករណីរបស់ស្ត្រីអ្នកច្បាប់ ដាក់ចូលក្នុងបញ្ជីអ្នកទោស ដែលត្រូវសុំលើកលែងទោស ឬសុំការបន្ថយទោសនោះផងទៀត៕

The post ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់ by សេក មនោរកុមារ appeared first on មនោរម្យ.អាំងហ្វូ.

ណីម៉ា ចេញ​ពីក្រុម ប៉ារីស ទៅក្រុម​«Al-Hilal»​នៅអារ៉ាប៊ីសាអ៊ូឌីត

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

ដំណឹងដែលលេចឮ តាំងពី១-២សប្ដាហ៍មុន ត្រូវបានក្រុម ប៉ារីស (Paris Saint Germain – បារាំង) ប្រកាសជាផ្លូវការ នៅមុននេះបន្តិច។ ខ្សែប្រយុទ្ធជាតិប្រេស៊ីលដ៏ល្បី កីឡាករ ណីម៉ា (Neymar Jr) បានចាកចេញពីក្រុមបាល់ទាត់ នៃរដ្ឋធានីរបស់ប្រទេសបារាំង និងទៅចុះហត្ថលេខាលេងឲ្យក្រុម «Al-Hilal» នៃប្រទេស អារ៉ាប៊ីសាអ៊ូឌីត។ នៅប៉ុន្មាននាទីក្រោយមក ក្រុមបាល់ទាត់​«Al Hilal»​នៃរាជធានី «Riyad» របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏បានប្រកាស​ជាផ្លូវការដែរថា ណីម៉ា គឺជាកីឡាកររបស់ខ្លួន សម្រាប់រយៈពេល២ឆ្នាំ ឬ២រដូវកាល។ សារព័ត៌មានកីឡា​ក្នុងប្រទេសបារាំង «L’Equipe» បានរាយការណ៍ថា ការផ្ទេរកីឡាកររូបនេះ ធ្វើឡើងក្រោមទឹកប្រាក់ ប្រមាណជិត១០០លានអ៊ឺរ៉ូ រាប់ទាំងកម្រៃបន្ថែមផង។ ក្រុម ប៉ារីស បានលើកសរសើរអតីតខ្សែប្រយុទ្ធរបស់ខ្លួន ថាជា«អតីតជើងឯក» ដែលបានចូលរួមលេង ១៧៣ប្រកួត និងទាត់បញ្ចូលទី បាន១១៨គ្រាប់ ក្នុងរយៈពេល៦រដូវកាលកន្លងមក ជាមួយក្រុម។ នៅជាមួយក្រុមបាល់ទាត់យក្ស របស់ប្រទេសបារាំង កីឡាករ ណីម៉ា បានលើកពានជាច្រើន រួមមាន៖ ៥ x Ligue 1 – ៣ x France Cup – ២ x League Cup និង ៣ x Champion Trophées។ ប៉ុន្តែជាមួយក្រុម ប៉ារីស កំពូលខ្សែប្រយុទ្ធជាតិ ប្រេស៊ីល អាយុ៣១ឆ្នាំ មិនមានភាពជោគជ័យសោះឡើយ ក្នុងការឈ្នះពានអ៊ឺរ៉ុប «Champions League»។ កីឡាករគ្រាន់តែបានឡើងទៅប្រកួត ដល់វគ្គផ្ដាច់ព្រ័ត្រម្ដងគត់ នៅឆ្នាំ២០២០ ទល់នឹងក្រុម បាយ៉ើន (Bayern Munich – អាល្លឺម៉ង់) និងបានចាញ់ក្រុមនេះ ០-១៕

The post ណីម៉ា ចេញ​ពីក្រុម ប៉ារីស ទៅក្រុម​«Al-Hilal»​នៅអារ៉ាប៊ីសាអ៊ូឌីត by ជ័យ វិបុល appeared first on មនោរម្យ.អាំងហ្វូ.

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

សង្គ្រាមនៅអ៊ុយក្រែន ៖ សហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃសុក្រទី១៨ ខែសីហានេះ ឲ្យបញ្ជូនយន្តហោះសង្គ្រាម«F-16» តាមរយៈប្រទេសដាណឺម៉ាក និងហូឡង់ ទៅឲ្យប្រទេសអ៊ុយក្រែន។ នេះបើការសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។ ការបញ្ជូនសព្វាវុធដ៏ទំនើបប្រភេទនេះ នឹងធ្វើឡើង នៅពេលណាទាហានអ៊ុយក្រែន ត្រូវបានហ្វឹកហាត់ និងចេះបើកបររួចស្រេចបាច់។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា ប្រទេសដាណឺម៉ាក និងហូឡង់ បានទទួលនូវ«ការធានាដ៏ជាក់លាក់» ជុំវិញការសម្រេចខាងលើ។ មន្ត្រីអ្នកនាំពាក្យបានបន្តថា៖ «តាមរបៀបនេះ អ៊ុយក្រែននឹងអាចទាញយកអត្ថប្រយោជន៍ពេញលេញ ពីសមត្ថភាពថ្មីរបស់ខ្លួនបានភ្លាមៗ នៅពេលដែលអាកាសយានិកក្រុមទីមួយ បានបញ្ចប់ការបណ្តុះបណ្តាលរបស់ពួកគេ។ យន្តហោះចម្បាំង F-16 នឹងរួមចំណែកដល់សមត្ថភាពការពារ និងការទប់ទល់របស់អ៊ុយក្រែន។» សហរដ្ឋអាមេរិកមានច្បាប់តឹងរឹងណាស់ លើការលក់បន្ត ឬការផ្ទេរសព្វាវុធយោធាអាមេរិក ដោយសម្ព័ន្ធមិត្តរបស់ផងខ្លួន។ ថ្ងៃបញ្ចប់វគ្គហ្វឹកហ្វឺន របស់ទាហានអាកាសយានិកអ៊ុយក្រែន មិនទាន់ឲ្យដឹងនៅឡើយ ក្នុងពេលភ្លាមៗ។ ប៉ុន្តែ ការហ្វឹកហ្វឺន នឹងត្រូវចាប់ផ្ដើមក្នុងខែសីហានេះ ក្រោមការគ្រប់គ្រងរបស់ក្រុមសម្ព័ន្ធមិត្ត ដែលមាន១១ប្រទេស។ អ្នកទទួលខុសត្រូវ ដែលស្រង់សំដីដោយ «AFP» បានសំដែងក្ដីសង្ឃឹមថា អាកាសយានិកអ៊ុយក្រែន នឹងបញ្ចប់ការបណ្តុះបណ្តាលរួចរោល ហើយអាចធ្វើការបញ្ជារយន្ដហោះ «F-16» នៅដើមឆ្នាំក្រោយ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiï Reznikova បានសំដែងការអបអរ ដោយហៅការសម្រេចខាងលើ របស់សហរដ្ឋអាមេរិក ថាជា«ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ»។ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហូឡង់ អ្នកស្រី Kajsa Ollongren ក៏លើកឡើងប្រហាក់ប្រហែលគ្នា។ តែអ្នកស្រី បានបញ្ជាក់តាមទីភ្នាក់ងារព័ត៌មានហូឡង់ «ANP» ថា គេត្រូវប្រើរយៈពេលច្រើនខែទៅមុខ ដើម្បីអនុញ្ញាតឲ្យប្រទេសហូឡង់ អាចបញ្ជូនយន្តហោះ «F-16» ទៅឲ្យក្រុង គៀវ៕

The post សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16» by សេក មនោរកុមារ appeared first on មនោរម្យ.អាំងហ្វូ.

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ នៅក្រោមការតាមដានដោយផ្ទាល់ ពីសំណាក់ទស្សនិកជនប្រមាណជា ៧៥000នាក់ បាល់តែមួយគ្រាប់ របស់ក្រុមជម្រើសជាតិផ្នែកនារី របស់ប្រទេសអេស្ប៉ាញ រកបានដោយខ្សែប្រយុទ្ធ កីឡាការិនី Olga Carmona នៅនាទី២៩។ កីឡាការិនីរូបនេះ ធ្លាប់បានរកគ្រាប់បាល់ដូចគ្នា នៅក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមស៊ុយអែដ (ពិន្ទុចុងក្រោយ ២-១)។ ជ័យជំនះរបស់ក្រុមជម្រើសជាតិ បានធ្វើឲ្យប្រទេសអេស្ប៉ាញ ក្លាយជាជើងឯក​ពិភពលោក​លើកដំបូង និងបានលើកពានពិភពលោក ឆ្នាំ២០២៣ បន្តពីសហរដ្ឋអាមេរិក ដែលបានឈ្នះបាល់ទាត់ពិភពលោក កាលពីឆ្នាំ២០១៩ និងបាន់កាន់កាប់តំណែងនេះ ចំនួន៤ជំនាន់ ច្រើនជាងបង្អស់ (ឆ្នាំ១៩៩១ ១៩៩៩ ២០១៥ និងឆ្នាំ២០១៩)។ ចំណែកក្រុមបាល់ទាត់ផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដែលកំពុងកាន់តំណែង ជាជើងឯកអ៊ឺរ៉ុប ឆ្នាំ២០២២ បានសំដែកការខកចិត្ត នៅចំពោះការបរាជ័យយ៉ាងប្រផិតប្រផើយ ទល់នឹងក្រុមអេស្ប៉ាញ។ ក្រុមកីឡាការិនីអង់គ្លេស ដែលធ្លាប់បានឡើង មកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំនួន២ដង នៅក្នុង​បាល់ទាត់ពិភពលោក​លើកមុនៗ មិនអាចរកគ្រាប់បាល់ ដើម្បីអនុញ្ញាតឲ្យខ្លួន បានឈ្នះពានសម្រាប់ព្រឹត្តិការណ៍លើកនេះ។ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកស្ត្រី ក្នុងឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅ ក្នុងប្រទេសអូស្ត្រាលី និងញ៉ូហ្សេឡែន ក្រុមបាល់ទាត់ខ្លាំងៗជាច្រើន បានជ្រុះចេញជាបន្តបន្ទាប់ តាំងពីក្នុងការប្រកួតជុំក្នុងពូល ដូចយ៉ាងក្រុមប្រេស៊ីល អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ និងក្រុមកាណដាជាដើម។ ចំណែកឯក្រុមបាល់ទាត់ផ្នែកស្រ្រី របស់ប្រទេសបារាំងវិញ ត្រូវបានជម្រុះចេញ នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតទល់នឹងក្រុមអូស្ត្រាលី (ម្ចាស់ផ្ទះ) ដោយការទាត់បាល់កាត់សេចក្ដី (៦-៧)៕

The post បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង by ជ័យ វិបុល appeared first on មនោរម្យ.អាំងហ្វូ.

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់…ថើបមាត់ !

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវបានថតជាវីដេអូ បង្ហាញថាលោក បានចាប់ខ្សែប្រយុទ្ធ កីឡាការិនី Jenni Hermoso ឱបយ៉ាងណែនដៃ មុននឹងចាប់ក្បាលនាង មកឲ្យលោកថើបមាត់។ ហេតុការណ៍នេះ កើតឡើងនៅលើវេទិកា មុនពេលក្រុមកីឡាការិនីអេស្ប៉ាញ ត្រៀមទៅលើកពានរង្វាន់ពិភពលោក ដែលពួកនាងទើបនឹងប្រកួតឈ្នះ។  ទង្វើរបស់មេដឹកនាំបាល់ទាត់អេស្ប៉ាញ បានបង្កឲ្យផ្ទុះសង្គ្រាមប៉ាកកា នៅក្នុងចំណោមបណ្ដាជន ដែលស្នេហាវិស័យបាល់ទាត់ ជាពិសេសបណ្ដាជនក្នុង​ប្រទេសអេស្ប៉ាញផ្ទាល់តែម្ដង។ រូបភាព«ថើបមាត់»របស់អ្នកទាំងពីរ ត្រូវបានបង្ហោះចែកចាយ នៅលើបណ្ដាញសង្គម និងរងការរិះគន់យ៉ាងចាស់ដៃ ដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានហៅទង្វើខាងលើថា ជា«ការបៀតបៀនផ្លូវភេទ»។ ខ្លះទៀត ធ្វើការប្រៀបធៀបថា បើក្រុមកីឡាករអេស្ប៉ាញផ្នែកបុរស បានឈ្នះពានពិភពលោកដូច្នេះ តើលោក Luis Rubiales នឹងចាប់ពួកគេ«ថើបមាត់»ដែរឬទេ? ប្រសិនជារូបភាពដ៏ហួសចិត្ត បានជំរុញឲ្យមានការគិតថា អ្នកទាំងពីរទំនងជាមានទំនាក់ទំនងសម្ងាត់រវាងគ្នានោះ តែសម្រាប់សារព័ត៌មានទាំងឡាយ នៅក្នុងប្រទេសអេស្ប៉ាញ បានអះអាងថា ពួកគេរកមិនឃើញពីភស្ដុតាង ពីករណីនេះទេ។ នៅបន្តិចក្រោយមក នាង Jenni Hermoso បានប្រតិកម្មតបនឹងសកម្មភាព«ចាប់ថើប» ពីសំណាក់ប្រធានសហព័ន្ធ ថានាង«មិនចូលចិត្ត»កាយវិការរបៀបនេះឡើយ។ តែនាងបានពន្យល់ថា វាជាកាយវិការដែលកើតឡើង«ឯកឯង ភ្លាមៗ» ដោយសារក្ដីរំភើបឥតឧបមា ចំពោះជ័យជំនះថ្មីថ្មោង នៅក្នុងការដណ្ដើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៣នេះ។ ប្រភពមួយពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីមកបញ្ជាក់ថា លោក Luis Rubiales និងកីឡាការិនី Jenni Hermoso គឺជាមិត្តភ័ក្រស្គាល់គ្នាជិតដិត ហើយអ្វីដែលពួកគេ​បានធ្វើ​នៅលើវេទិកាខាងលើ គ្រាន់តែជាកាយវិការ ដែលកើតឡើងដោយចៃដន្យ ដោយគ្មានការគ្រោងទុក​ប៉ុណ្ណោះ៕

The post បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ ! by ជ័យ វិបុល appeared first on មនោរម្យ.អាំងហ្វូ.

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ១-០ ដើម្បីឈ្នះពានពិភពលោក ឆ្នាំ២០២៣ កាលពីយប់ថ្ងៃអាទិត្យមុន។ សេចក្ដីប្រកាសព័ត៌មាន របស់«FIFA» ដែលមានស្នាក់ការកណ្ដាលនៅក្រុមហ្សឺណែវ ប្រទេសស្វីស ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែសីហានេះ បានឲ្យដឹងថា ក្រុមប្រឹក្សាវិន័យរបស់ខ្លួន បានជូនដំណឹងទៅលោក ជុំវិញការបើក«នីតិវិធីវិន័យ» ប្រឆាំងនឹងរូបលោក ជុំវិញហេតុការណ៍ «ចាប់ឱប-ថើបមាត់» ដែលបានកើតឡើង នៅលើវេទិកាទទួលមេដាយ និងការលើកពាន របស់ក្រុមកីឡាការិនីអេស្ប៉ាញ ដែលទើបនឹងក្លាយ ជាជើងឯកពិភពលោក ឆ្នាំ២០២៣។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ បានសរសេរបន្តថា៖ «កាយវិការទាំងនោះ អាចជាការរំលោភ ទៅលើវាក្យខ័ណ្ឌ១និង២ នៃមាត្រា១៣ នៃក្រមវិន័យ​របស់សហព័ន្ធបាល់ទាត់អន្តរជាតិ។ ប៉ុន្តែនៅខណៈនេះ ក្រុមប្រឹក្សាវិន័យនឹងមិនផ្ដល់ព័ត៌មានអ្វីបន្ថែម ជុំវិញការបើកនីតិវិធីខាងលើ នៅមុនការសម្រេចចុងក្រោយនោះឡើយ។» ការចាប់ឱប-ថើបមាត់ទាំងបង្ខំ ធ្វើឡើងដោយមេដឹកនាំស្ថាប័ន​គ្រប់គ្រងបាល់ទាត់​អេស្ប៉ាញ ទៅលើកីឡាការិនី Jennifer Hermoso បានបង្កឲ្យផ្ទុះសង្គ្រាមប៉ាកកា នៅពាសពេញមជ្ឍដ្ឋានអ្នកស្នេហាវិស័យបាល់ទាត់ និងក្រុមអ្នកធ្វើការលើកស្ទួយសិទ្ធិស្ត្រី ជាពិសេសនៅក្នុងប្រទេសអេស្ប៉ាញ។ នៅចំពោះរឿងអាស្រូវនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានកោះប្រជុំវិសាមញ្ញមួយ នៅថ្ងៃសុក្រស្អែក ដើម្បីអនុញ្ញាតឲ្យលោក Luis Rubiales ចេញមុខបកស្រាយ នៅចំពោះក្រុមប្រឹក្សាភិបាល របស់ស្ថាប័នមួយនេះ។ កាលពីថ្ងៃចន្ទទី២១ ខែសីហា មេដឹកនាំរូបនេះ បានចេញវីដេអូសុំទោសរួចហើយ ដោយថ្លែងថា លោកបានច្រឡំ នូវកាយវិការមិនគប្បីនេះ តែលោកថា លោកមិនបានត្រៀមទុកជាមុន នូវកាយវិការនេះឡើយ។ យ៉ាងណា ការសុំទោសនោះ មិនបានកាត់បន្ថយ នូវប្រតិកម្ម​ពីសំណាក់មហាជន និងពីក្រុមអ្នកទទួលខុសត្រូវនានាទេ។ មន្ត្រីជាច្រើនរូប នៅក្នុងរាជរដ្ឋាភិបាលអេស្ប៉ាញ ថែមទាំងទាមទារឲ្យលោក Luis Rubiales ចាកចេញពីតំណែង ជាប្រធានសហព័ន្ធផងទៀត។ ​ កីឡាការិនី Jennifer Hermoso ខ្លួនឯង ដែលជាជនរងគ្រោះ ក៏បានបង្ហាញជំហរជាថ្មីដែរថា គួរឲ្យមានទណ្ឌកម្មជាគំរូមួយ ដើម្បីលើកកំពស់សមភាព រវាងស្ត្រីនិងបុរស […]

The post FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ by ជ័យ វិបុល appeared first on មនោរម្យ.អាំងហ្វូ.

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

$
0
0

[មនោរម្យ.អាំងហ្វូ - ទស្សនាវដ្ដី /Magazine]

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ដរាបណាលោក Luis Rubiales បន្តអង្គុយលើកៅអី ជាប្រធានសហព័ន្ធ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅល្ងាចថ្ងៃសុក្រ ទី២៣ ខែសីហានេះ ក្រុមជម្រើសជាតិ ផ្នែកស្ត្រីរបស់ប្រទេសអេស្ប៉ាញ បានបញ្ជាក់ជាថ្មី អំពី«ការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងដាច់អហង្កា» ចំពោះកាយវិការ ដែលបាន«ប៉ះពាល់ដល់ភាពថ្លៃថ្នូ របស់ស្ត្រី»។ អត្ថបទនោះ បានសរសេរថា៖ «គ្រប់កីឡាការិនី ដែលបានចុះហត្ថលេខាក្នុងសេចក្ដីប្រកាសព័ត៌មាននេះ នឹងមិនចូលរួម ក្នុងការកោះហៅ​លើកក្រោយ របស់ក្រុមជម្រើសជាតិឡើយ ដរាបណាមេដឹកនាំសព្វថ្ងៃ នៅបន្តកាន់តំណែង។» កាលពីព្រឹកថ្ងៃសុក្រ​ដដែល លោក Luis Rubiales បានថ្លែងនៅក្នុងមហាសន្និបាតវិសាមញ្ញ របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ បដិសេធការលាឈប់ពីតំណែង ដោយលោកបានចាត់ទុកថា សង្គ្រាមប៉ាកកាដែលបានផ្ទុះឡើង ប៉ុន្មានថ្ងៃចុងក្រោយនេះ ថាជា«ឃាតកម្មសង្គម» ដែលមានបំណងចង់«កម្ទេច»រូបលោក។ ការរិះគន់បានផ្ទុះឡើង យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមេដឹកនាំសហព័ន្ធរូបនេះ បាន«ចាប់ឱប-ថើបមាត់»កីឡាការិនី Jennifer Hermoso ដែលជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ។ កាយវិការដែលមានលក្ខណៈ ជាការចាប់ដោយ«បង្ខំ»នោះ បានកើតឡើង នៅលើវេទិកាទទួលមេដាយ និងការត្រៀមលើកពាន របស់ក្រុមកីឡាការិនីអេស្ប៉ាញ ដែលទើបនឹងក្លាយ ជាជើងឯកពិភពលោក ឆ្នាំ២០២៣ បន្ទាប់ពីពួកនាងបានបំបាក់ក្រុមជម្រើសជាតិអង់គ្លេស ដោយគ្រាប់បាល់ ១-០ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យទី២០ ខែសីហា ក្នុងប្រទេសអូស្ត្រាលី។ នៅក្នុងមហាសន្និបាតវិសាមញ្ញ លោក Luis Rubiales បានប្រកាស«បីដង»ថា «ខ្ញុំនឹងមិនលាឈប់ទេ»។ លោកបន្តថា៖ «គ្រាន់តែការថើប ដោយមានការព្រមព្រៀងគ្នាមួយ នឹងតម្រូវឲ្យខ្ញុំចាកចេញឬ? (…) ខ្ញុំនឹងតស៊ូក្រាញននៀល រហូតដល់ទីបញ្ចប់។ ខ្ញុំសូមបញ្ជាក់ឡើងវិញ រហូត​ដល់ទីបញ្ចប់។ ខ្ញុំសង្ឃឹមថា ច្បាប់នឹងត្រូវយកមកអនុវត្តន៍។» កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា «FIFA» បានបើក«នីតិវិធីវិន័យ» ឬ«ការអង្កេត» ទៅលើហេតុការណ៍ខាងលើ ដើម្បីដាក់បន្ទុកលើកលោក Rubiales។ […]

The post ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់ by ជ័យ វិបុល appeared first on មនោរម្យ.អាំងហ្វូ.